24/05/2024
#លុយបិណ្ឌបាត
(សុំមិននិយាយរឿងវិន័យក្នុងរូបិយសិក្ខាបទ និយាយពីតថៈភាពសង្គមបច្ចុប្បន្នប៉ុណ្ណោះ អ្នកទទ្រង់វិន័យក៏គួរតែយល់ចំណុចនេះផងដែរ ខ្ញុំនិយាយមិនកាន់ជើងខាងណាមួយឡើយ!)
ជីវភាពសមណៈសិស្ស និស្សិតក្រីក្រ ដែលនិមន្តមកបន្តការសិក្សានៅភ្នំពេញ ភាគច្រើនគឺរស់បានដោយសារកម្លាំងស្មងជើង (ដើរបិណ្ឌបាត) ជាមធ្យោបាយដើម្បីបានបច្ច័យប្រើប្រាស់ក្នុងជីវិត។ ពេលព្រឹកព្រលឹមស្រាងៗ ថ្ងៃរះផុតជើងមេឃ យើងតែងតែឃើញវត្តមានព្រះសង្ឃនិមន្តបិណ្ឌបាតគ្រប់ច្រកល្ហកនានានៅតាមផ្សារ បុរី ចំណតឡាន តាមដងផ្លូវតូច ធំស្ទើតែពេញទីក្រុងភ្នំពេញ។ ចំណាយពេលបិណ្ឌបាតក្នុងមួយថ្ងៃតិចបំផុយក៏៣ម៉ោងដែរ ដែលក្នុងមួយថ្ងៃលោកអាចទទួលបានទានញាតិញោមជាមធ្យមចន្លោះពី២~៤ម៉ឺនរៀល ដើម្បីយកមកចាត់ចែងថ្លៃម៉ូតូឌុប ចង្ហាន់ព្រឹក-ថ្ងៃ ថ្លៃទឹក ភ្លើង និងសន្សំទុកថែទាំសុខភាព និងទិញសៀវភៅ ប៊ិក ហើយបង់ថ្លៃសាលាផងដែរ។ ទម្រាំតែរៀនចប់ថ្នាក់ពុទ្ធិកវិទ្យាល័យ ឬបរិញ្ញាបត្រ អនុបណ្ឌិតដែលជាគោលដៅ មួយអង្គៗបានឆ្លងកាត់ភាពលំបាក ការតស៊ូព្យាយាម លះបង់ភាពខ្មាស់អៀនអស់ហើយ ជួនកាលទៅឈប់មុខផ្ទះញាតិញោមដែលអត់មានសទ្ធាជាមួយ ត្រូវគេបង្អើលឆ្កែឲ្យព្រុះក៏មាន ត្រូវគេសាចទឹកពីលើអាគារខ្ពស់ៗ សើមជោកខ្លួនក៏មាន ពេលខ្លះទៀតត្រូវរុកក្រោមស្នួរហាលលីអូគេ ឬគេចឡាន ម៉ូតូដែលបើកលឿនក៏មាន សព្វគ្រប់បែបយ៉ាង។
តែជាលទ្ធផល លោកបានខិតខំកែប្រែជីវិតលោកពីសមាជិគ្រួសារដែលក្រីក្រ និងល្ងិតល្ងង់ ក្លាយជាបញ្ញវ័ន្ត ជាធនធានដ៏ល្អរបស់សង្គម។ ជាចុងក្រោយ ពេលឃើញលោកនិមន្តបិណ្ឌបាត សូមចិត្តញាតិញោមកុំមើលរំលង មេត្តាជួយដាក់ទានប្រគេនលោកផង ១០០ក្ដី ២០០ក្ដី ៥០០ក្ដី តាមសទ្ធាជ្រះថ្លា ដើម្បីជួយសង្គ្រោះជីវិតព្រះសង្ឃក្រីក្រមកពីជនបទ ឲ្យលោកបានស្គាល់ពន្លឺបញ្ញានៅក្នុងជីវិតផង។